វិធីសាស្រ្តក្នុងការនិយាយដើមគេដើម្បីទទួលបានអត្ថប្រយោជន៍ និងប្រសិទ្ធភាព |

វិធីសាស្រ្តក្នុងការនិយាយដើមគេដើម្បីទទួលបានអត្ថប្រយោជន៍ និងប្រសិទ្ធភាព

ជារឿងទូទៅដែលមនុស្សសម័យថ្មីចូលចិត្តការជួបជុំជប់លៀងកម្សាន្តនៅខាងក្រៅ។ ហើយជាការពិតណាស់ថាការដែលបានជុំគ្នាជាមួយមិត្តខ្លួនបែបនេះប្រហែលជាគេចមិនផុតពីរឿងមួយដែលគេហៅថា និយាយដើមគេ នោះទេ។ ពាក្យថានិយាយដើមមួយម៉ាត់ភាគច្រើនត្រូវបានកាត់ក្ដីថាជារឿងមិនសមគួរនោះទេ ប៉ុន្តែមិនមែនមានន័យគ្រប់ការនិយាយដើមគឺសុទ្ធតែអាក្រក់នោះទេ។ ការនិយាយដើម ដែលត្រូវបានគេតែងនិយាយថា ស៊ីត្រាវ ក៏វាមានចំនុចល្អរបស់វា​ដែរ ប្រសិនបើយើងទាំងអស់គ្នាមានតិកនិក និងចេះគោរពគោលការណ៍បានត្រឹមត្រូវ។ ប៉ុន្មានចំនុចខាងក្រោមនេះជាវិធីសាស្រ្តក្នុងការនិយាយដើមដើម្បីទទួលបានប្រយោេជន៍ និងប្រសិទ្ធិភាព៖

  • និយាយតែអ្វីដែលជាការពិត

ការនិយាយដើមគេគឺយើងតែងលើករឿងពីនេះពីនោះមកនិយាយប្រាប់គ្នាទៅវិញទៅមក។ ប៉ុន្តែដើម្បីជាផលល្អសម្រា់ប់គ្រប់គ្នា អ្នកគួរតែនិយាយអ្វីដែលជាការពិតទៅបានហើយ ចៀសវាងក្លែងរឿងដែលខុសពីជាក់ស្ដែងដែលអាចជះផលអាក្រក់ទៅថ្ងៃមុខ។

  • ផ្ដល់ប្រភពច្បាស់លាស់

បើទោះជាការនិយាយដើមគ្នាវាកើតពីមាត់មួយទៅមាត់មួយមែនពិត ប៉ុន្តែអ្នកគួរតែផ្តល់ប្រភពពិតប្រាកដមួយដែលជាប្រភពបញ្ចេញពត៌មានមួយនេះដល់អ្នក។ ការផ្ដល់ប្រភពច្បាស់លាស់ពីប្រធានបទដែលអ្នកលើកយកមកនិយាយ អាចជួយការពារអ្នកពីការចោទប្រកាន់ផ្សេងៗ។

  • មិនគួរនិយាយដើមមិត្តជិតស្និទ្ធ និងមនុស្សដែលជិតដិតនឹងខ្លួន

ជាការពិតណាស់ ការរាប់អានគ្នាជិតដិតតែងបើកឱកាសឲ្យយើងដឹងពីអាថ៌កំបាំងរបស់គ្នាទៅវិញទៅមក។ ប៉ុន្តែទោះបីជាយ៉ាងណា ដាច់ខាតអ្នកមិនត្រូវយករឿងទាំងនោះទៅនិយាយប្រាប់អ្នកផ្សេងឡើយ។​ ការធ្វើបែបនេះអ្នកនឹងក្លាយជាមនុស្សដែលគ្រប់គ្នាស្អប់ និងបំផ្លាញទំនុកចិត្តអ្នកជុំវិញខ្លួន ហើយទីបំផុតអ្នកនឹងគ្មានអ្នកណាហ៊ានរាប់អានតទៅទៀតឡើយ។

  • និយាយដើមតារា ឬបុគ្គលល្បីៗក្នុងសង្គម

មានរឿងជាច្រើនដែលអ្នកគួរចៀសក្នុងការនិយាយដើមគេដើម្បីសេចក្ដីសុខក្នុងជីវិត។ ប៉ុន្តែេវាពិតជាពិបាកខ្លាំងណាស់ក្នុងការជួបជុំមិត្តដោយភាពស្ងប់ស្ងាត់បែបនេះ។ ដូចនេះហើយវិធីដ៏ល្អមួយគឺយករឿងរបស់តារាមកនិយាយ។ អ្នកអាចយករឿងរ៉ាវតារាណាមួយមកនិយាយចែករំលែកទៅកាន់មិត្ត។ ការធ្វើដូចនេះអ្នកនឹងអាចដឹងរឿងក្នុងសិល្បៈកាន់តែច្រើន និងមិនមានផលប៉ះពាល់ផងដែរ។

  • និយាយពីរឿងកើតឡើងក្នុងសង្គម

សម័យនេះទៅហើយ! ពត៌មានអ្វីក្នុងអ៊ីនធើណេតក៏មាន។ អ្នកអាចលើកយករឿងអ្វីមួយដែលកំពុងទទួលការចាប់អារម្មណ៍មកនិយាយឡើង ហើយព្រមទាំងអាចចែករំលែកចំនេះដឹង និងពត៌មានបានទៀតផង។

  • កំនត់ពេលវេលាក្នុងការនិយាយ

ការនិយាយដើមគេមិនមែនចេះតែអាចធ្វើបានរហូតទេ។ អ្នកគួរតែកំនត់ពេលវេលាឲ្យបានច្បាស់លាស់ យល់ល្អគឺត្រឹមតែពេលចេញទៅជួបជុំជាមួយមិត្តទៅបានហើយ ចៀសវាងការនិយាយគ្រប់ពេលដែលធ្វើឲ្យអ្នកញៀន ពេលខ្លះក៏អាចជ្រុលនាំឲ្យមានផលប៉ះពាល់ក៏ថាបាន។

ទាំងនេះជាក្បួនសង្ខេបៗ ដែលអាចយកទៅអនុវត្តបាន ហើយប្រសិនបើអ្នកអាចប្រកាន់ខ្ជាប់បាននោះការនិយាយដើមមិនមែនជារឿងអាក្រក់សម្រាប់គ្រប់គ្នាទៀតឡើយ៕

ដោយ៖ rina