គួរតែអាន! ក្ដីសង្ឃឹមនិងកែវភ្នែកទាំងគូររបស់ពុកម៉ែពេលចាស់ទៅគឺជារូបកូន |

គួរតែអាន! ក្ដីសង្ឃឹមនិងកែវភ្នែកទាំងគូររបស់ពុកម៉ែពេលចាស់ទៅគឺជារូបកូន

កើត ចាស់ ឈឺស្លាប់ជាច្បាប់ដែលធម្មជាតិបានកំណត់មក គ្មានអ្នកណាអាចគេចផុតពីគ្រោះនេះបានទេ ប៉ុន្ដែក្នុងកំឡុងពេលដែលមានជីវិតគួរតែគិតធ្វើអី្វមួយដែលសំខាន់អាចតបស្នងគុណទៅលើឪពុកម្ដាយដែលពួកគាត់ត្រូវការយើងជាឆ្អឹងបង្អែកពេលពួកគាត់ចាស់ទៅ។ រឿងដ៏កំសត់របស់ឪពុកវ័យចំណាស់ម្នាក់កំពុងធ្វើអោយអង្រួនចិត្តអ្នកអានជាច្រើន។ ក្នុងរាត្រីមួយ លោកតាវ័យចំណាស់ម្នាក់មានជំងឺប្រចាំកាយញ័រខ្លួន ត្រូវកូនប្រុសជាទីស្រឡាញ់របស់គាត់អញ្ចើញទៅហូបអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានមួយ។

ដោយសារតែលោកតាខាងលើមានសភាពញីញ័រខ្លាំងធ្វើអោយរូបគាត់ពិបាកហូបអាហារ ដោយអាហារដែលគាត់កាន់ស្លាបព្រាហូបដោយខ្លួនឯងត្រូវជ្រុះធ្លាក់ប្រលាក់ខោអាវរបស់គាត់ពេញ។ ពេលដែលកូនប្រុសរបស់គាត់បានជូតសំអាតខោអាវដែលប្រលាក់ទៅដោយអាហារនោះ ភ្ញៀវដែលអង្គុយហូបនៅក្បែរគាត់មានការខ្ពើមរអារជាខ្លាំង ដោយអ្នកខ្លះសុំអ្នករត់តុប្ដូរកន្លែងអង្គុយដោយសារតែខ្ពើមលោកតាខាងលើហូបអាហារគ្មានអនាម័យនិងរឡិករឡាក់។ បន្ទាប់មកដោយសារតែខោអាវលោកតាខាងលើប្រលាក់ខ្លាំងពេក កូនប្រុសរបស់គាត់បានកាន់ដៃគាត់ដើរទៅបន្ទប់ទឹកដើម្បីលាងសំអាតចេញទាំងដំណើរក្នុងការដើររបស់គាត់មានសភាពញីញ័រខ្លាំង។ បន្ទាប់ពីសំអាតសំលៀកបំពាក់រួច បុរសជាកូនបានកាន់ដៃឪពុករបស់គាត់ចេញពីបន្ទប់ទឹកនិងបានគិតប្រាក់ហើយត្រលប់ទៅផ្ទះវិញដោយបុរសជាកូនគិតថាមានគេសើចចំអកនិងខ្ពើមរអារឪពុករបស់គាត់ដែលមានសភាពញីញ័រហូបអី្វមិនបាន តែស្រាប់តែពេលដែលគាត់ដើរចេញពីហាងអ្នកដែលអង្គុយនៅជុំវិញគាត់បានសម្ដែងសភាពស្ងៀមស្ងាត់ដោយសារតែពួកគេបានឃើញទង្វើដ៏ល្អរបស់បុរសជាកូនដែលជួយទុក្ខធុរៈឪពុកបែបនេះ។ នៅពេលដែលបុរសពីរនាក់ឪពុកនិងកូនបានដើរចេញពីហាង មានតែបុរសវ័យចំណាស់ម្នាក់ទេដែលអង្គុយជិតបុរសដែលមានសភាពញីញ័រខាងលើមិនបានខ្ពើមរអារហ្នឹងគាត់។

បុរសវ័យចំណាស់ខាងលើបានហៅអ្នកបំរើម្នាក់មកសួរ “តើក្មួយបានចាប់អារម្មណ៍ថាឪពុកកូនទាំងពីរនាក់អំបាញ់មិញបានបន្សល់ទុករឿងអ្វីមួយអត់?” អ្នកបំរើខាងលើបានឆ្លើយថា “ទេលោកអ៊ុំ! ខ្ញុំអត់បានឃើញពួកគាត់បន្សល់ទុកអ្វីផង” ពេលនោះអ៊ុំប្រុសខាងលើបានប្រាប់អ្នកបំរើថា៖ ក្មួយប្រុស! ឯងប្រាកដជាបានដឹងថាពួកគាត់បន្សល់ទុកអ្វី ពួកគាត់បានបន្សល់ទុកមេរៀនមួយសម្រាប់មនុស្សដែលនៅក្នុងហាងនេះដែលមានភាពខ្ពើមរអារមនុស្សចាស់ដែលមានសភាពញីញ័រដូចនេះ ដោយមេរៀននោះក្មួយត្រូវចាំថាកូនប្រុសទាំងឡាយគឺជាឆ្អឹងបង្អែកនិងជាកី្ដសង្ឃឹមរបស់ឪពុកម្ដាយគ្រប់រូបពេលពួកគាត់ចាស់ទៅ។

ផ្នត់គំនិតអប់រំនៃអត្ថបទនេះចង់បង្ហាញប្រាប់មនុស្សគ្រប់គ្នាថា៖ កាលពីយើងនៅក្មេងមានឪពុកម្ដាយជាអ្នកមើលថែរក្សាយើងសូម្បីតែស្រមោចខំបន្ដិចក៏មិនបានផងព្រោះយើងគឺជាដុំសាច់និងជាបំបែកបេះដូងរបស់ពួកគាត់ តែពេលដែលពួកគាត់ចាស់ទៅពួកគាត់គ្មានទីបង្អែកណាអាចពឹងពាក់បានក្រៅពីកូនរបស់ពួកគាត់ទេ ដូច្នោះយើងជាកូនសូមកុំទុកគាត់ចោលនិងសូមកុំមិនអើពើពីពួកគាត់អីពេលពួកគាត់ចាស់ទៅ សូមថែរក្សាគាត់ដូចដែលគាត់ថែរក្សាយើងកាលពីកុមារភាព។

father-son-walking

បុត្រ

ខ្មែរណូត

ប្រភព៖ Moralstories