ដើរលេងមិនមានពេលជាមួយម្តាយ វិះនឹងមានវិប្បដិសារីមួយជីវិត! |

ដើរលេងមិនមានពេលជាមួយម្តាយ វិះនឹងមានវិប្បដិសារីមួយជីវិត!

មានគ្រួសារមួយដែលមានតែស្ត្រីម៉េម៉ាយ និងកូនស្រីម្នាក់ រស់នៅក្នុងផ្ទះមួយ ដោយមានជីវភាពសមរម្យ។ កូនស្រីមានអាយុ 23ឆ្នាំ ជាបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុន មួយកន្លែង ដោយជាមនុស្សចូលចិត្តរាប់អាន​សេពគប់មិត្តភក្ដិ និងដើរលេងច្រើន កម្រមានពេលជាមួយម្តាយ​ ។​រាល់ល្ងាចពេលដែលគេចេញពីធ្វើការ គេតែងតែចូលហាង និងផ្សារទំនើប ដើរលេងសប្បាយជាមួយពួកម៉ាករហូតដល់យប់ជ្រៅដោយមិនដែលមានពេលហូបបាយ ឬជួយកិច្ចការផ្ទះម្តាយឡើយ។ បើសិនគេនៅផ្ទះក៏មិនដែលជួយការងារម្ដាយបានដែរ គឺគេដេកចុចទូរស័ព្ទ ឆាតជាមួយមិត្តភក្ដិរបស់គេ​ពេលដែលម្ដាយសួរថា៖ “ កូនធ្វើអីហ្នឹង? ម៉ែឃើញតែកាន់ទូរស័ព្ទចុចរហូត! ”​

កូនតបវិញដោយលេសថា “ ខ្ញុំកំពុងមើលហ្វេសប៊ុក និយាយរឿងការងាររបស់ខ្ញុំ ”

ម្ដាយក៏សួរទៀតថា “ ហើយចុះហ្វេសប៊ុកហ្នឹង គេប្រើដើម្បីអីខ្លះកូន? ម៉ែឮគេនិយាយដែរថា​ ហ្វេសប៊ុកអីគេហ្នុង មើលព័ត៌មានបានលឿន ហើយស្រួលទាក់ទងគ្នា! ”

កូនក៏តបទៅម្ដាយវិញទាំងសោះកក្រោះ  “ មើលព័ត៌មានបានលឿន ហើយស្រួលទាក់ទងគ្នា! ម៉ែឯងមនុស្សចាស់ចឹងប្រើក៏មិនយល់ដែរ ពិបាកប្រាប់ណាស់ ” រួចហើយកូនក៏ដើរចូលបន្ទប់របស់គេបាត់ទៅ។

រូបតំណាង

ថ្ងៃមួយម្ដាយបានទៅទិញទូរស័ព្ទតម្លៃថោកមកប្រើរួចក៏បានឲ្យអ្នកលក់ជួយបង្កើតគណនីហ្វេសប៊ុក។ ពេលល្ងាចឡើងម្ដាយអង្គុយចាំបាយកូនដូចរាល់ដង ពេលកូនគាត់មកដល់​ គាត់ក៏បានហៅកូនហូបបាយពេលនោះកូនក៏តបវិញថាមិនឃ្លានទេ ព្រោះហូបអីខាងក្រៅរួចហើយ​ ម្ដាយក៏បានហុចទូរស័ព្ទឲ្យកូនជួយបង្រៀនគាត់ប្រើហ្វេសប៊ុក ពេលកូនគាត់ឃើញហើយគេថា “ ទូរស័ព្ទម៉ាកចឹងៗ ខ្ញុំមិនចេះប្រើទេ ម៉ែយកទៅសួរអ្នកលក់វិញទៅ ហើយអាហ្វេសប៊ុកហ្នឹង ទោះខ្ញុំប្រាប់ទៅក៏ម៉ែមិនយល់ដែរ ” ម្ដាយអង្គុយមិនតប បានត្រឹមអង្គុយតាមសម្លឹងមើលកូនដើរចូលបន្ទប់ ស្អែកឡើងគាត់ក៏យកទៅឲ្យអ្នកជិតខាងគាត់ជួយប្រាប់វិញ។

ពេលម្ដាយចាប់ផ្ដើមមាន គណនីហ្វេសប៊ុក គាត់ចេះប្រើតិចតួច អ្នកដែលគាត់ add មុនគេគឺកូនស្រីរបស់គាត់ ព្រោះគាត់ចង់មានទំនាក់ទំនងលឿនជាមួយកូនរបស់គាត់ តែពេលដែលកូនប្រុសរបស់គាត់បានឃើញម្ដាយ add មកបែបនោះ កូនរបស់គាត់បែរជាមិនទទួល ហើយថែមទាំង Block ចេញទៀត។ ក្រោយពេលដែលម្ដាយបានទូរស័ព្ទហើយគាត់បានថតរូបកូនស្រីគាត់តាំងពីតូចមកទុកក្នុងទូរស័ព្ទរបស់គាត់បានរៀនបង្ហោះរូបថតនៅលើហ្វេសប៊ុក រួចសរសេរថា៖

រូបតំណាង

“ ពេលនេះកូនធំហើយ ម៉ែសប្បាយចិត្តណាស់ដែលមានកូននៅក្បែរម៉ែ ”

“ ទោះយ៉ាងណា ក៏ម៉ែនៅតែស្រលាញ់ និងបារម្ភពីកូនដែរ​ ”

“ ម៉ែសប្បាយចិត្តណាស់ ដែលកូនមានការងារល្អធ្វើ​ ”

“ ទោះកូនអាយុប៉ុណ្ណា សម្រាប់ម៉ែ កូននៅតែជាក្មេងម្នាក់ដែលម៉ែតែងតែបារម្ភ ”

រាល់ថ្ងៃម្ដាយតែងតែលក់តាំងពីព្រឹករហូតដល់ព្រលប់ ហើយគាត់គឺអង្គុយលក់ដោយមិនសូវបានសម្រាកគ្រប់គ្រាន់ឡើយ​។ ថ្ងៃមួយពេលដែលគាត់រៀបចំឥវ៉ាន់ទុកដាក់ចូលផ្ទះ គាត់អស់កម្លាំង វិលមុខដួលម្នាក់ឯង ក្នុងផ្ទះសន្លប់រហូតដល់យប់បន្តិចបានកូនគាត់ត្រឡប់មកពីធ្វើការ។ ពេលកូនត្រឡប់មកពីធ្វើការវិញ ឃើញផ្ទះ ងងឹតអត់បើកភ្លើង ហើយទ្វារបើកចោល ក៏និយាយម្នាក់ឯងថា “ ហើយម៉ែគាត់ទៅណា ផ្ទះមិនបើកភ្លើង ទ្វារចំហរចោលទៀត ” ពេលដែលដើរចូលដល់ក្នុងផ្ទះចុចកុងតាក់បើកភ្លើង ក៏ឃើញម្ដាយរបស់ខ្លួនដេកសន្លប់នៅលើដី ក៏ស្ទុះទៅលើកគាត់មកហើយយកទៅមន្ទីរពេទ្យ។ពេលទៅដល់មន្ទីរពេទ្យ គាត់អង្គុយចាំគ្រូពេទ្យពិនិត្យសុខភាពម្ដាយរបស់គាត់នៅខាងក្រៅបន្ទប់ មួយសន្ទុះក្រោយមក គ្រូពេទ្យបានចេញមកហើយនិយាយថា៖ “ ម្ដាយរបស់ប្អូន គាត់មិនអីទេ គ្រាន់តែគាត់ធ្វើការច្រើន អស់កម្លាំង សម្រាន្ដមិនបានគ្រប់គ្រាន់និងហូបមិនទៀងពេល ចឹងហើយលោកគួរតែជួយថែទាំគាត់​ នៅក្បែរគាត់ឲ្យបានច្រើនផង ”​រូបភាពតំណាង

លុះពេលដែលត្រឡប់ចូលទៅមើលសភាពម្តាយ ដោយក្នុងខ្លួនហាក់មានអារម្មណ៍ស្រងេះស្រងោច និងដូចជាបាត់អ្វីម្យ៉ាងគាត់បានឃើញទូរស័ព្ទរបស់ម្ដាយគាត់ជ្រុះនៅលើដី ហើយគាត់ក៏បានរើសយកមកបើកមើល ពេលបើកទូរស័ព្ទមកគាត់បានឃើញរូបរបស់គាត់ដែលថតជាមួយម្ដាយថ្ងៃមុននៅលើអេក្រង់ទូរស័ព្ទ គាត់ក៏បានចូលទៅហ្វេសប៊ុករបស់ម្ដាយគាត់អារម្មណ៍ក្ដុកក្ដួល អារម្មណ៍ដែលស្ដាយក្រោយ អារម្មណ៍អាណិត ជាមួយនិងទឹកភ្នែកស្រក់មកជាមួយគ្នាមួយរំពេចគឺគាត់បានចូលទៅមើលឃើញរូបភាព និងពាក្យពេចន៍ដែលម្ដាយគាត់បានបង្ហោះនៅលើហ្វេសប៊ុកទាំងប៉ុន្មានគឺម្ដាយរបស់គាត់ពិតជាចង់មានពេលវេលាជជែកលេងជាមួយគាត់ខ្លាំងណាស់ហើយម្ដាយគាត់ពិតជាសប្បាយចិត្តពេលដែលគាត់ឃើញកូនមានការងារល្អធ្វើ។ទឹកភ្នែកកូនស្រីម្នាក់ដែលតែងតែមិនយកចិត្តទុកដាក់ជាមួយម្ដាយបានស្រក់មកកាន់តែច្រើនដៃកាន់ក្ដាប់ទូរស័ព្ទយ៉ាងណែនក្នុងដៃ ជាមួយចិត្តដែលខឹងខ្លួនឯងដែលកន្លងមកទុកម្ដាយចោល មិនយកចិត្តទុកដាក់ជាមួយគាត់មិនដែលសួរថាគាត់ហត់ទេថ្ងៃនេះ មិនដែលសួរគាត់ចង់ពិសារអី មិនដែលមកហូបបាយជុំគ្នាជាមួយគាត់ឲ្យទៀងពេលរហូតដល់គាត់ធ្លាក់ខ្លួនឈឺបែបនេះ។រូបភាពតំណាង

នៅពេលម្តាយដឹងខ្លួន ខ្លួនជាកូនក៏ដើរចូលអោនមុខចុះតិចៗ ហើយបានលុតជង្គង់ចុះសំពះដល់បាតជើងម៉ែ និយាយទាំងទឹកភ្នែកថា៖ “ សុំទោសម៉ែ អរគុណម៉ែ សម្រាប់រឿងគ្រប់យ៉ាងដែលម៉ែបានធ្វើកន្លងមកដើម្បីកូនតែកូនមិនដែលគិត មិនដែលខ្វល់ពីម៉ែសូម្បីតែមួយនាទី តែពេលនេះកូនចង់ឲ្យម៉ែនៅក្បែរកូនរហូតម៉ែលះបង់ច្រើនពេកហើយសម្រាប់កូន ”

ម្ដាយរបស់គាត់បានតបវិញថា “ ម៉ែមិនដែលគិតចង់បានអ្វីពីកូននោះទេ ត្រឹមបាននៅឃើញមុខកូន ហូបបាយជុំគ្នាជាមួយកូនបានជជែកលេងជាមួយកូនម៉ែសប្បាយចិត្តហើយ ហើយអ្វីដែលកាន់តែធ្វើឲ្យម៉ែសប្បាយចិត្តខ្លាំងបំផុតនោះគឺឃើញកូនមានក្ដីសុខ ជោគជ័យក្នុងជីវិត និងមានការងារល្អធ្វើ ” ម្ដាយបន្តទៀតថា “ ម៉ែបង្កើតកូនមក វាជាកាតព្វកិច្ចរបស់ម៉ែ ម៉ែមិនហត់​ មិនធុញនិងធ្វើដើម្បីកូនឡើយ ” ចុងក្រោយកូនយំឱបម្ដាយដោយក្ដីស្រលាញ់៕

ដោយ៖ រ៉ែន